Saturday, June 1, 2013

ទៅ​លេង​ប្រាសាទ​បាណន់​ នឹង​ឃើញ​អ្វី​​ផ្សេង​លើស​ពី​រម​ណីយដ្ឋាន​នេះ​ Trackback


ស្ទើរ​មិន​លស់​ថ្ងៃ​ណា​ឡើយ​ ផ្លូវ​ក្រាល​កៅ​ស៊ូ​មួយ​ខ្សែ​តែង​នាំ​ភ្ញៀវ​ទេសចរណ៍​ចេញ​ពី​ទី​រួម​ខេត្ត​បាត់​ដំបង​ ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយ​ដ្ឋាន​​ដ៏​ល្បី​មួយ ​ នោះ​គឺ​ភ្នំ​បាណន់។ រម្មណីយដ្ឋាន​នេះ​ស្ថិត​នៅ​ចង្ងាយ​ប្រមាណ​ជា​២៥​គីឡូ​ម៉ែត្រ​ពី​ទីរួម​ខេត្ត ​បាត់ដំបង​ ដែល​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​តាម​ឡាន​ ម៉ូតូ​ ឬ​រឺម៉ក។

ហេតុ ​អ្វី​បាន​ជា​ប្រជាជន​មក​ពី​គ្រប់​ទិសទី​​និយម​ទៅ​លេង​តំបន់​នោះ? តើ​តំបន់​នោះ​មាន​អ្វី​ពិសេស? រមណីយដ្ឋាន​ភ្នំ​បាណន់​នេះ​ មាន​ប្រាសាទ​បុរាណ​មួយ​នៅ​លើ​កំពូល​ភ្នំ​ និង​ល្អាង​ពីរ​នៅ​ពី​ខាង​ក្រោយ​ភ្នំ​ ដែល​ទាក់​ទាញ​មនុស្ស​ម្នា​ទៅ​កម្សាន្ត​មិន​សូវ​ដាច់​ឡើយ។
អ្វី​ដែល​ ពិសេស​របស់​តំបន់​រមណីយដ្ឋាន​នេះ​ គឺ​ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ​អាច​អង្គុយ​ទទួល​ទាន​អាហារ​ កម្សាន្ត​សប្បាយ​ ក្រោម​ម្លប់​ឈើ​ត្រជាក់​ នៅ​​ក្បែរ​មាត់​បឹង​ ដែល​មាន​​​ទឹក​ថ្លា​យង់។ អ្នក​ខ្លះ​តែង​ឡើង​ទៅ​លើ​ភ្នំ​ដែល​មាន​ប្រាសាទ​បាក​បែក​នៅ​លើ​នោះ​ តាម​ជណ្ដើរ​បុរាណ​ជា​ច្រើន​កាំ។
អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​រមណីយដ្ឋាន ​ប្រាសាទ​បាណន់​នេះ​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ គឺ​តាម​ដង​ផ្លូវ​​ទៅ​​កាន់​ទី​នោះ​ ប្រជាជន​បាន​ដាំ​ដំណាំ​ថ្មី​មួយ​ប្រភេទ​​ នោះ​គឺ​ទំពាំង​បាយ​ជូ​ មុន​គេ​បង្អស់​​ក្នុង​ស្រុក​ខ្មែរ។ ឥឡូវ​ទំពាំង​បាយ​ជូ​របស់​ប្រជាជន​ខ្មែរ​​នៅ​ទី​នោះ​ផលិត​បាន​ជា​ស្រា​ ដែល​ចូលរួម​ទាក់​ទាញ​ភ្ញៀវ​​ពី​គ្រប់​ទិសទី​ មក​ភ្លក់​ និង​មើល​ផ្លែ​ទំពាំង​បាយជូ​ទាំង​នោះ​ ជា​រៀង​រាល់​ថ្ងៃ។
អីចឹង​ បើ​ប្រិយមិត្ត​មិន​ទាន់​បាន​ទៅ​ទស្សនា​តំបន់​រម្មណីយដ្ឋាន​នេះ​ទេ​ ពេល​មាន​ឱកាស​បាន​ទៅ​បាត់ដំបង​ គួរ​ឆៀង​​ចូល​លេង​បន្តិច​ទៅ។ ទាំង​ម្ចាស់​ចម្ការ​ទំពាំង​បាយជូ​ និង​រមណីយដ្ឋាន​ប្រាសាទ​បាណន់​នឹង​ស្វាគមន៍​អ្នក​មិន​ឲ្យ​ខក​ចិត្ត​ឡើយ។

អត្ថបទ៖ មាស រ័ត្ន

ប្រាសាទ​បន្ទាយ​ស្រី​មិន​គួរ​មើល​រំលង! Trackback


ប្រជាជន ​ដែល​ទៅ​លេង​ខេត្ត​សៀម​រាប​ ភាគ​ច្រើន​ប៉ុន​ប៉ង​ទៅ​ទស្សនា​ត្រឹម​តែ​ប្រាសាទ​អង្គរ​វត្ត។ លុះ​ត្រា​តែ​គេ​សល់​ពេល​ច្រើន​ ទើប​គេ​បន្ត​ទៅ​លេង​នៅ​ប្រាសាទ​អង្គរ​ធំ​ ឬ​ប្រាសាទ​ដទៃ​ទៀត។ ប៉ុន្តែ​បើ​បាន​ទៅ​ទស្សនា​ប្រាសាទ​នានា​ក្នុង​ខេត្ត​​សៀម​រាប​ ប្រាសាទ​បន្ទាយ​ស្រី​មិន​គួរ​មើល​រំលង​ឡើយ។
ប្រាសាទ ​បន្ទាយ​ស្រី​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូ​ម៉ែត្រ​ ពី​ទី​រួម​ខេត្ត​សៀម​រាប​ ដោយ​ធ្វើ​ដំណើរ​លើ​ថ្នល់​ក្រាល​កៅ​ស៊ូ​ ក្នុង​រយៈ​ពេល​មិន​លើស​ពី​មួយ​ម៉ោង​ បាន​កប់​ខ្លួន​នៅ​កណ្ដាល​​ព្រៃ។ បើ​គេ​ក្រឡេក​មើល​ប្រាសាទ​នេះ​ មាន​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​មិន​ចាញ់​ប្រាសាទ​បុរាណ​ធំៗ​នៅ ​ក្បែរ​ក្រុង​សៀម​រាប​ប៉ុន្មាន​ទេ។ ភ្ញៀវ​ទេសចរ​បន្ដ​កន្ទុយ​គ្នា​មក​ទស្សនា​ប្រាសាទ​នេះ​ស្ទើរ​ពុំ​លុះថ្ងៃ​ណា​ ឡើយ។ តើ​អ្វី​ដែល​ជា​ភាព​ទាក់​ទាញ​របស់​ប្រាសាទបុរាណ​មួយ​​នេះ?
ប្រាសាទ ​បន្ទាយ​ស្រី​​មាន​ទំហំ​​តូច​ជាង​ប្រាសាទ​នានា​ ប៉ុន្តែ​ប្រាសាទ​នេះ​មាន​នៅ​សេស​សល់​ក្បាច់​ផ្កា​ភ្ញី​ រូប​ចម្លាក់​លៀន ឬ​លឹប​លើ​ជញ្ជាំង​ រូប​ឆ្មាំ​យាម​ និង​រូប​ចម្លាក់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដ៏ទៃ​ទៀត​ជា​ច្រើន។ រូប​ចម្លាក់​ និង​ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយ​ស្រី​នេះ​ គឺ​នៅ​ល្អ​ ព្រោះ​ពុំ​ត្រូវ​បាន​ធ្វើ​ឲ្យ​សឹក​រិច​រិល​ដោយ​កត្តា​ធម្មជាតិ​ ឬ​ដោយ​មនុស្ស​ឡើយ។
បើ​គេ​ពិនិត្យ​មើល​ ប្រាសាទ​បន្ទាយ​ស្រី​នេះ​ទាំង​មូល​វិញ​ គេ​នឹង​ឃើញ​មាន​ថែវ​ព័ទ្ធ​ជុំវិញ​ប្រាសាទ។ នៅ​ក្នុង​ថែវ​ប្រាសាទ​នេះ​ គឺ​មាន​គូរ​ទឹក​ព័ទ្ធ​ជុំ​វិញ​ លើក​លែង​តែ​ច្រក​ចូល​ទៅ​កាន់​ប្រាសាទ​នោះ​តែ​ប៉ុណ្ណោះ។ តួ​ប្រាសាទ​មាន​ទំហំ​តូច​ជាង​ប្រាសាទ​អង្គរ​វត្ត​ឆ្ងាយ​ណាស់​ ប៉ុន្តែ​ហោជាង​របស់​វា​សុទ្ធ​តែ​មាន​ក្បាច់​ចម្លាក់​គួរ​ជា​ទី​ចាប់​ អារម្មណ៍​ ដែល​មិន​នឹក​ស្មាន​ដល់​ ថា​មនុស្ស​សម័យ​មុន​អាច​ធ្វើ​បាន​​ឡើយ។
ប៉ុន្តែ ​ការ​ចូល​ទៅ​កៀក​នឹង​ជញ្ជាំង​ប្រាសាទ​ផ្ទាល់​ ឬ​ចូល​ទៅ​ខាង​ក្នុង​ប្រាសាទ​​​ត្រូវ​បាន​ហាម​ឃាត់​ ព្រោះ​ដើម្បី​បង្ការ​រូប​ចម្លាក់​ និង​ក្បាច់​ផ្កា​ភ្ញី​ដែល​បន្សល់​រាប់​រយ​ឆ្នាំ​មក​ហើយ ឲ្យ​​​មាន​រូប​រាង​ដូច​ដើម​ ដើម្បី​ទុក​ឲ្យ​អ្នក​​ស្រាវ​ជ្រាវ​ជំនាន់​ក្រោយ​បាន​សិក្សា​បន្ត។
ប្រាសាទ ​បន្ទាយ​ស្រី​នៅ​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​សៀមរាប​ប៉ុន្មាន​ទេ​ ព្រម​ទាំង​មាន​ផ្លូវ​ល្អ​ទៅ​ដល់​ទី​នោះ​ស្រាប់​។ ដូច្នេះ​ បើ​បាន​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​​នានា​ ក្នុង​ខេត្ត​សៀម​រាប​ ប្រាសាទ​បន្ទាយស្រី​ ដែល​ពោរពេញ​ដោយ​ក្បាច់​រចនា​រស់​រវើក​ មិន​គួរ​ឲ្យ​មើល​រំលង​ឡើយ៕
អត្ថបទ៖ មាស រ័ត្ន